នារសៀលថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា គ.ស.២០២៤, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ.បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ ដោយផ្ដោតសំខាន់លើការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលជាធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ខេត្តពោធិ៍សាត់។